Wednesday, July 18, 2012

វិជ្ជា ៨

១- វិបស្សនាញាណ ពិចារណាឃើញរូបនិងនាម។ សំដៅយកប្រាជ្ញា សម្រាប់ពិចារណា
ឃើញច្បាស់នូវបញ្ចក្ខន្ធ ព្រមទាំងការញែកបញ្ចក្ខន្ធចេញជារូប ជានាមដោយចំណែកៗ និង
ការឃើញច្បាស់នូវធម៌ជាបច្ច័យរបស់នាមនិងរូប។
២- មនោមយិទ្ធិ ឫទ្ធិដែលសម្រេចដោយចិត្ត ។ សំដៅយកឫទ្ធិដែលកើតឡើងបានដោយ
អំណាចចិត្តគឺថា បើចិត្តចង់និម្មិតកាយរបស់ខ្លួនពីមុនឲ្យឃើញទៅជាកាយដទៃវិញ ដូចជា
គេដកបណ្តូលស្មៅយ៉ាប្លងចេញពីទងស្មៅយ៉ាប្លង ឬដូចជាគេហូតដាវចេញពីស្រោម។
មួយទៀត ឫទ្ធិរបស់ចិត្តដែលបានអប់រំល្អហើយ ជាហេតុឲ្យក្លៀវក្លា អង់អាច គិតការអ្វីបាន
ដូចចិត្តគ្រប់យ៉ាង មិនមានការទើសទាក់សល់ជំពាក់។

៣- ឥទ្ធិវិធៈ សំដែងឫទ្ធិបាន។ សំដៅយកការសំដែងឫទ្ធិផ្សេងៗបាន ដែលហួសវិស័យ
របស់ជនសាមញ្ញ ដូចយ៉ាងមនុស្សម្នាក់អាចនិម្មិតឲ្យទៅជាច្រើននាក់បាន ដើរពានកាត់
គ្រឿងបិទបាំងដូចជាជញ្ជាំងឬកំពែងក៏បាន មុជក្នុងដីដូចមុជក្នុងទឹកក៏បាន ដើរលើទឹកដូច
ដើរលើដីក៏បាន ហោះទៅលើអាកាសដូចសត្វបក្សីហើរក៏បាន ស្ទាបអង្អែលព្រះអាទិត្យព្រះ
ចន័្ទដោយដៃក៏បាន។
៤- ទិព្វសោតៈ ត្រចៀកទិព្វ។ សំដៅយកការស្តាប់សំឡេងក្នុងទីជិតឆ្ងាយបាន ទោះបីជា
សំឡេងមនុស្សឬជាសំឡេងទេវតា ជាត្រចៀកកន្លងហួសវិស័យនៃត្រចៀកសាមញ្ញជន។
៥- ចេតោបរិយញ្ញាណ កំណត់ដឹងចិត្តអ្នកដទៃបាន។ សំដៅយកការទាំយចិត្តគំនិតរបស់
អ្នកដទៃដែលត្រិះរិះគិតទៅរកហេតុណាមួយក៏អាចដឹងបានដោយការកំណត់អធិដ្ឋានចិត្តា
នុភាពរបស់ខ្លួនទៅស្ទាក់ដេញតាមរកចិត្តគំនិតរបស់បុគ្គលដទៃដោយចិត្តដ៏បរិសុទ្ធ របស់ខ្លួន
ដូចមានសេចក្តីដឹងថាចិត្តរបស់បុគ្គលនោះៗបរិសុទ្ធឬសៅហ្មងជាដើម។
៦- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។
ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់កើត ធ្លាប់នៅក្នុងភពមុនបាន គឺរលឹក
ឃើញ ជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរ ជាតិ បីជាតិ
រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មាន
គោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មាន សុខទុក្ខយ៉ាងនេះ មានអាយុ
ប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុង ទីនោះៗ លុះមកអំពីទីនោះក៏មក
កើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍ របស់ជាតិក្នុងកាលមុនដូច្នេះ ទើបឈ្មោះ
ថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។
៧- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។ ការដឹងច្បាស់
នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន ដោយការឃើញពួកសត្វដែល
កំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា
ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់
ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិនៃ ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
៨- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។ ការដឹងច្បាស់នូវហេតុជាទី
អស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជាទុក្ខ នេះជាសមុទ័យ
(ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជា
អាសវៈ នេះជាហេតុដែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាល
ដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ
និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់
ហើយ ករណីកិច្ចរបស់អញ បានសម្រេចហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ”។
ទាំងប្រាំបីនេះប្រការនេះហៅថា វិជ្ជា៨ ប្រការ។
(វិជ្ជា៦-៨ខាងក្រោយ បានរៀបរាប់ក្នុងវិជ្ជាបីរួចម្តងហើយ)។
(ស្រង់ចាក https://khmerbuddhism.wordpress.com)

0 comments:

Post a Comment

back to top