Friday, July 27, 2012

បរិច្ឆេទទី ២

ចេតសិកសង្គហវិភាគ

ឯកុប្បាទនិរោធា ច ឯកាសម្ពនវត្ថុកា ចេតោយុត្តា ទ្វិបញ្ញាស ធម្មា ចេតសិកា មតា៕

ធម៌៥២ មានសេចក្តីកើត និងសេចក្តីរលត់ និងអារម្មណ៍ និងវត្ថុជាមួយគ្នាដោយចិត្ត ព្រះដ៏មានព្រះភាគត្រាស់ហៅថា ចេតសិក ព្រោះកើតក្នុងចិត្តដោយហេតុ៤យ៉ាងគឺ កើតក្នុងខណៈណា ចេតសិកក៏កើតក្នុងខណៈនោះ។ ចិត្តរលត់ទៅក្នុងខណៈណា ចេតសិកក៏រលត់ទៅក្នុងខណៈនោះ។ ចិត្តកើតក្នុងអារម្មណ៍ណា ចេតសិកក៏កើតក្នុងអារម្មណ៍ នោះ។ ចិត្តសំដៅយកវត្ថុណាជាអារម្មណ៍ ចេតសិកក៏សំដៅយកវត្ថុនោះជាអារម្មណ៍។

ដោយហេតុ៤យ៉ាងដូច្នេះ។ ចេតសិកមាន៥២ គឺ អញ្ញសមានាចេតសិក១៣ អកុសលចេតសិក១៤ សោភណចេតសិក២៥។ អញ្ញសមានាចេតសិក១៣ អញ្ញសមានាចេតសិក១៣នោះគឺ សព្វចិត្តសាធារណចេតសិក៧ បកិណ្ណកចេតសិក៦ ជា១៣។
សព្វចិត្តសាធារណចេតសិក៧
  • ផស្សោ សភាពជាអ្នកធ្វើអារម្មណ៍ទាំង៦ ឲ្យពាល់ត្រូវទ្វារទាំង៦។
  • វេទនា ធម្មជាតិដឹងនូវអារម្មណ៍ ឬសោយនូវអារម្មណ៍។
  • សញ្ញា ធម្មជាតិចាំនូវអារម្មណ៍ ឬកត់នូវអារម្មណ៍។
  • ចេតនា ធម្មជាតិគិតដឹកនាំចិត្ត ឬធម្មជាតិសន្សំនូវបុណ្យ និងបាប។
  • ឯកគ្គតា ធម្មជាតិផ្គងចិត្តឲ្យមានអារម្មណ៍តែមួយ។
  • ជីវិតិន្រ្ទិយ៍ ឥន្រ្ទិយ៍គឺជីវិតជាអ្នកញ៉ាំងសហជាតធម៌ឲ្យរស់នៅ។
  • មនសិការោ សេចក្តីធ្វើទុកក្នុងចិត្ត។
បកិណ្ណកចេតសិក៦
  • វិតក្កោ សភាពធ្វើឲ្យចិត្តឡើងកាន់អារម្មណ៍ ឬឲ្យត្រិះរិះអារម្មណ៍។
  • វិចារោ សភាពពិចារណានូវអារម្មណ៏ ឬញ៉ាំងចិត្តឲ្យត្រាច់នៅក្នុងអារម្មណ៍។
  • អធិមោក្ខោ សភាពធ្វើឲ្យចិត្តតាំងចុះណែនក្នុងអារម្មណ៍។
  • វិរិយំ ធម្មជាតិឧបត្ថម្ភគាំទ្រចិត្តមិនឲ្យរួញរា។
  • បីតិ ធម្មជាតិធ្វើកាយ និងចិត្តឲ្យឆ្អែត។
  • ឆន្ទោ សភាពធ្វើឲ្យចិត្តប្រាថ្នានូវអារម្មណ៍។
ចប់ អញ្ញសមានាចេតសិក១៣ អកុសលចេតសិក១៤
  • មោហោ សភាពធ្វើចិត្តឲ្យវង្វេងក្នុងអារម្មណ៍។
  • អហិរិកំ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត។
  • អនោត្តប្បំ ធម្មជាតិមិនស្លុតខ្លាចអំពើទុច្ចរិត។
  • ឧទ្ធច្ចំ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ។
  • លោភោ សភាពធ្វើចិត្តឲ្យជាប់ជំពាក់នៅក្នុងអារម្មណ៍។
  • ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬឲ្យយល់ខុស។
  • មានោ សភាពលើកខ្លួនឲ្យខ្ពស់ ឬឲ្យប្រសើរជាងគេ។
  • ទោសោ សភាពទ្រុស្តក្នុងអារម្មណ៍ ឬប្រទុស្ត។
  • ឥស្សា ធម្មជាតិច្រណែននូវសម្បត្តិនៃអ្នកដ៏ទៃ។
  • មច្ឆរិយំ ធម្មជាតិលាក់លៀមនូវសម្បត្តិ (សេចក្តីកំណាញ់)។
  • កុក្កុច្ចំ ធម្មជាតិធ្វើចិត្តឲ្យស្លុងទៅដោយការដែលខ្លួនប្រព្រឹត្តខុស ប្រព្រឹត្តកន្លងហើយ។
  • ថីនំ ធម្មជាតិធ្វើចិត្តឲ្យរួញរាមិនឲ្យខ្វល់ខ្វាយ។
  • មិទ្ធំ ធម្មជាតិធ្វើចិត្តឲ្យងងុយ ឲ្យងោក ឲ្យលក់។
  • វិចិកិច្ឆា ធម្មជាតិធ្វើចិត្តឲ្យសង្ស័យ ឬស្ទាក់ស្ទើរ។
ចប់ អកុសលចេតសិក១៤ សោភណចេតសក២៥ សោភណចេតសិក២៥ គឺ សោភណសាធារណៈ១៩ វិរតិចេតសិក៣ អប្បមញ្ញា២ និងបញ្ញិន្រ្ទិយ៍១ ជា២៥។
សោភណសាធារណៈ១៩
  • សទ្ធា ធម្មជាតិជឿកម្ម និងផលនៃកម្ម
  • សតិ ធម្មជាតិធ្វើចិត្តឲ្យរឫក
  • ហិរិ ធម្មជាតិខ្មាស ឬខ្ពើមអំពើទុច្ចរិត
  • ឱត្តប្បៈ ធម្មជាតិស្លុតខ្លាចអំពើទុច្ចរិត
  • អលោភោ សភាពមិនធ្វើចិត្តឲ្យជាប់ជំពាក់នៅក្នុងអារម្មណ៍
  • អទោសោ សភាពមិនប្រទុស្ត
  • តត្រមជ្ឈត្តតា ធម្មជាតិព្រងើយកន្តើយក្នុងសត្វ និងសង្ខារ
  • កាយបស្សទ្ធិ សេចក្តីរំងាប់កាយ
  • ចិត្តបស្សទ្ធិ សេចក្តីរំងាប់ចិត្ត
  • កាយលហុតា ភាវៈនៃកាយដ៏ស្រាល
  • ចិត្តលហុតា ភាវៈនៃចិត្តដ៏ស្រាល
  • កាយមុទុតា ភាវៈនៃកាយដ៏ទន់
  • ចិត្តមុទុតា ភាវៈនៃចិត្តដ៏ទន់
  • កាយកម្មញ្ញតា ភាវៈនៃកាយដ៏គួរដល់ការងារ
  • ចិត្តកម្មញ្ញតា ភាវៈនៃចិត្តដ៏គួរដល់ការងារ
  • កាយបាគុញ្ញតា ភាវៈនៃកាយដ៏ស្ទាត់ជំនាញ
  • ចិត្តបាគុញ្ញតា ភាវៈនៃចិត្តដ៏ស្ទាត់ជំនាញ
  • កាយុជុកតា ភាវៈនៃកាយដ៏ត្រង់
  • ចិត្តុជុកតា ភាវៈនៃចិត្តដ៏ត្រង់។
វិរតិចេតសិក៣
  • សម្មាវាចា ចេតនាជាហេតុពោលល្អវៀរចាកវចីទុច្ចរិត
  • សម្មាកម្មន្តោ ការងារល្អវៀរចាកកាយទុច្ចរិត
  • សម្មាអាជីវោ ចិញ្ចឹមជីវិតល្អវៀរចាកជំនួញ៥ប្រការ។
អប្បមញ្ញា២
  • ករុណា សេចក្តីអាណិតប្រុងនឹងដោះទុក្ខសត្វឲ្យរួចចាកទុក្ខ
  • មុទិតា សេចក្តីបន្ទន់ចិត្តទៅក្នុងសម្បត្តិនៃបុគ្គលដទៃ។
បញ្ញិន្រ្ទិយ៍១
  • បញ្ញិន្រ្ទិយំ បញ្ញាជាធំជាងសហជាតធម៌ទាំងពួង។
សោភណចេតសិក២៥ ចប់
តេរសញ្ញសមានា ច ចុទ្ទសាកុសលា តថា សោភណា បញ្ចវីសាតិ ទ្វិបញ្ចាស បវុច្ចរេ។
អញ្ញសមានាចេតសិក១៣ អកុសលចេតសិក១៤ សោភណចេតសិក២៥ រួមគ្នាជាចេតសិក៥២ តែប៉ុណ្ណេះ។
តេសំ ចិត្តាវិយុត្តានំ យថាយោគមិតោ បរំ ចិត្តុប្បាទេសុ បច្ចេកំ សម្បយោគោ បវុច្ចតិ។
សេចក្តីប្រកបព្រមដោយចេតសិកទាំងឡាយ ដែលជាធម្មជាតិមិនបានប្រាសចាកអំពីចិត្ត ដែលខ្ញុំអនុរុទ្ធាចារ្យនឹងពោលក្នុងចិត្តុប្បាទទាំងឡាយដែលផ្សេងៗ គ្នា ដោយគួរតាមប្រកបក្នុងខាងមុខអំពីចេតសិកវិភាគនេះ តទៅៈ
សត្ត សព្វត្ថ យុជ្ជន្តិ យថាយោគំ បកិណ្ណកា ចុទ្ទសាកុសលេស្វេវ សោភណេស្វេវ សោភណា។
សេចក្តីថា សព្វចិត្តសាធារណចេតសិក៧នោះ ឲ្យប្រកបចូលក្នុងចិត្តទាំងអស់មិនមាន វៀរ បកិណ្ណកចេតសិក៦នោះ ឲ្យប្រកបចូលក្នុងចិត្តដែលគួរនឹងប្រកប អកុសលចេតសិក១៤នោះ ឲ្យប្រកបចូលក្នុងអកុសលចិត្តទាំង១២ សោភណចេតសិក២៥នោះ ឲ្យប្រកបចូលក្នុងសោភណចិត្ត៥៩ ឬចិត្ត៩១។
សួរថា នឹងប្រកបចេតសិកចូលក្នុងចិត្ត ហៅថាសម្បយោគនោះ តើនឹងសម្បយោគ ដូចម្តេច? ឆ្លើយថា នឹងសម្បយោគចេតសិកចូលក្នុងចិត្តនោះ នឹងមានសេចក្តីសម្តែងតទៅថា សម្បយោគមាន៤ពួកគឺ សព្វចិត្តសាធារណចេតសិក៧ មានសម្បយោគ១ពួក បកិណ្ណកចេតសិក៦ មានសម្បយោគ៦ពួក សោភណចេតសិក២៥ មានសម្បយោគ៤ពួក។ បណ្តាសម្បយោគទាំង៤នោះ នឹងសម្តែងនូវសម្បយោគសព្វចិត្តសាធារណចេតសិក ជាមុន។ សព្វចិត្តសាធារណចេតសិក៧ សម្បយោគ១ពួកនោះគឺ ផស្សោ វេទនា សញ្ញា ចេតនា ឯកគ្គតា ជីវិតិន្រ្ទិយ៍ មនសិការ ចេតសិកទាំង៧នេះ កើតក្នុងចិត្ត៨៩ ឬចិត្ត១២១។ (សម្បយោគសព្វចិត្តសាធារណៈ៧ចប់)
បកិណ្ណកចេតសិក៦ សម្បយោគមាន៦ពួកនោះគឺ៖ ១. វិតក្កៈ កើតក្នុងចិត្ត៥៥ គឺកាមាវចរចិត្ត៥៤ លើកទ្វិបញ្ចវិញ្ញាណ១០ចេញ សល់នៅ៤៤ យកបឋមជ្ឈាន៨ ជា១១ រួមជាចិត្ត៥៥ ជាទីកើតនៃវិតក្កចេតសិក។ ២. វិចារៈ កើតក្នុងចិត្ត៦៦ គឺចិត្តដែលវិតក្កចេតសិកកើតនោះ ៥៥ យករូបាវចរ ទុតិយជ្ឈាន៣ និងលោកុត្តរទុតិយជ្ឈាន៨ ជា១១ រួមជាចិត្ត៦៦ ជាទីកើតវិចារចេតសិក។ ៣. អធិមោក្ខៈ កើតក្នុងចិត្ត៧៨ គឺចិត្ត៨៩ លើកទ្វិបញ្ចវិញ្ញាណ១០ លើកវិចិកិច្ឆា១ ចេញ នៅគង់៧៨ ជាទីកើតនៃអធិមោក្ខចេតសិក។ ៤. វិរិយៈ កើតក្នុងចិត្ត៧៣ គឺចិត្ត៨៩ លើកបញ្ចទ្វារាវជ្ជនៈ១ ទ្វិបញ្ចវិញ្ញាណ១០ សម្បដិច្ឆន្នៈ២ សន្តីរណៈ៣ ជា១៦ នៅគង់៧៣ ជាទីកើតនៃវិរិយចេតសិក។ ៥. បីតិ កើតក្នុងចិត្ត៥១ គឺចិត្តពិស្តារ១២១លើកទុកចិត្ត៧០ គឺទោមនស្ស២ ឧបេក្ខា៥៥ កាយវិញ្ញាណ២ ចតុត្ថជ្ឈាន១១ ជាចិត្ត៧០ នៅគង់៥១ ជាទីកើតនៃបីតិចេតសិក។ ៦. ឆន្ទៈ កើតក្នុងចិត្ត៦៩ លើកយកចិត្ត២០ ចេញ គឺអហេតុកចិត្ត១៨ មោហមូល២ ជា២០ នៅគង់៦៩ ជាទីកើតនៃឆន្ទចេតសិក។
ឆសដ្ឋី បញ្ចបញ្ញាស ឯកាទស ច សោឡស សត្តតិ វីសតិ ចេវ បកិណ្ណកវិវជ្ជិតា។ បញ្ចបញ្ញាស ឆសដ្ឋ្យ‌ ដ្ឋសត្តតិ តិសត្តតិ ឯកបញ្ញាស ចេកូន សត្តត្តឹស បកិណ្ណកា៕
សេចក្តីថា ចិត្តទាំងឡាយ៦៦ ផង ៥៥ ផង ១១ផង ១៦ផង ៧០ផង ២០ផង វៀរចាក បកិណ្ណកចេតសិកដោយលំដាប់គ្នា ចិត្តទាំងឡាយ ៥៥ផង ៦៦ផង ៧៣ផង ៥១ផង ៦៩ផង ប្រកបដោយបកិណ្ណកចេតសិកដោយលំដាប់គ្នា។
មានអធិប្បាយក្នុងគាថាទាំង២នោះថា វិតក្កចេតសិកវៀរចាកចិត្ត៦៦ កើតក្នុងចិត្ត៥៥ វិបាកចេតសិកវៀរចាកចិត្ត៥៥ កើតក្នុងចិត្ត៦៦ អធិមោក្ខចេតសិក វៀរចាក ចិត្ត១១ កើតក្នុងចិត្ត៧៨ វិរិយចេតសិក វៀរចាកចិត្ត ១៦កើតក្នុងចិត្ត៧៣ បីតិចេតសិក វៀរចាក ចិត្ត៧០ កើតក្នុងចិត្ត៥១ ឆន្ទចេតសិកវៀរចាកចិត្ត ២០កើតក្នុងចិត្ត៦៩។ (សម្បយោគបកិណ្ណកចេកសិក៦ ចប់)
អកុសលចេតសិក១៤ សម្បយោគមាន៧ពួកនោះគឺ៖ ១. មោហៈ អហិរិកៈ អនោត្តប្បៈ ឧទ្ធច្ចៈ ទាំង៤នេះ ជាអកុសលសាធារណចេតសិក កើតទូទៅក្នុងអកុសលចិត្តទាំង១២។ ២. លោភៈ កើតក្នុងលោភមូលចិត្ត៨។ ៣. ទិដ្ឋិ កើតក្នុងលោភចិត្តទិដ្ឋិសម្បយុត្ត៤។ ៤. មានៈ កើតក្នុងលោភចិត្តទិដ្ឋិវិប្បយុត្ត៤។ ៥. ទោសៈ ឥស្សា មច្ឆរិយៈ កុក្កុច្ចៈ ទាំង៤នេះ កើតក្នុងទោសចិត្តបដិឃសម្បយុត្តទាំង២។ ៦. ថីនៈ មិទ្ធៈ ទាំង២នេះកើតក្នុងសសង្ខារិកចិត្តទាំង៥។ ៧. វិចិកិច្ឆា កើតក្នុងចិត្តវិចិកិច្ឆាសម្បយុត្ត។
សព្វាបុញ្ញេសុ ចត្តារោ លោភមូលេ តយោ កតា ទោសមូលេសុ ចត្តាតោ សសង្ខារេ ទ្វយន្តថា។ វិចិកិច្ឆា វិចិកិច្ឆា ចិត្តេ ចាតិ ចតុទ្ទសិ ទ្វាទសាកុសលេស្វេវ សម្បយុជ្ជន្តិ បញ្ចធា។
សេចក្តីក្នុងគាថាទាំងពីរនោះថា អកុសលចេតសិកទាំង១៤ ប្រកបចូលក្នុងអកុសលចិត្ត ទាំង១២ ហើយលោកចាត់ជា៥ ស្ថានដូច្នេះ គឺអកុសលចេតសិក កើតក្នុងអកុសលចិត្ត១២។ មាន៤ ស្ថាន១, អកុសលចេតសិក កើតក្នុងទោសមូលចិត្ត៨។ មាន៣ ស្ថាន១, អកុសលចេតសិក កើតក្នុងទោសមូលចិត្ត២។ មាន៤ ស្ថាន១, អកុសលចេតសិក កើតក្នុងទោសមូលចិត្ត៥។ មាន២ ស្ថាន១, អកុសលចេតសិក កើតក្នុងវិចិកិច្ឆាសម្បយុត្ត១ មាន១ ស្ថាន។ (សម្បយោគអកុសលចេតសិក១៤ ចប់)

0 comments:

Post a Comment

back to top