ជាទូទៅហើយ អ្នកប្រើអ៊ីនធឺណិតទាំងអស់សុទ្ធសឹងតែបានស្គាល់ថា អ្វីទៅគឺជាគេហទំព័រ។ គេហទំព័រ ប្រៀបបានទៅនឹងផ្ទះ, ការិយាល័យព័ត៌មាន, ទីផ្សារ, ក្រុមហ៊ុន ។ល។ រីឯការបង្កើតគេហទំព័រនេះទៀតសោត ត្រូវបានស្ថាបនិកជ្រើសរើសមធ្យោបាយស្ថាបនាតាមតែពួកគេចង់បាន ដូចជាការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងមាតិកាអត្ថបទ (CMS) , ការសរសេរកូដផ្ដើមពីបន្ទាត់ទី១ ហើយពេលខ្លះក៏មានការបង្កើតដោយប្រើប្រាស់ត្រឹមតែរូបភាពដែរ។
ក៏ប៉ុន្តែដើម្បីចូលទៅដល់ការបង្កើតគេហទំព័រមួយបានយ៉ាងល្អ យើងចាំបាច់ត្រូវធ្វើការសិក្សាតាមដំណាក់កាល។ អត្ថបទនេះនឹងបង្ហាញអ្នកតាំងពីចំណុចដំបូង រហូតដល់ចំណុចកម្រិតខ្ពស់។ ដូច្នេះតើចំណុចដំបូងបំផុត ដែលយើងគួរដឹងនោះជាអ្វីដែរទៅ?
១. ប្រភេទនៃគេហទំព័រ និងផ្នែកបង្កើតគេហទំព័រ
គេហទំព័រមានពីរប្រភេទធំៗគឺ- គេហទំព័រ Static
- គេហទំព័រ Dynamic
រីឯផ្នែកបង្កើតគេហទំព័រ ជាទូទៅត្រូវបានគេចែកចេញជាពីរបន្ថែមទៀតគឺ៖
- អ្នករចនាគេហទំព័រ (Web Designer) , មានតួនាទីក្នុងការរចនាគេហទំព័រ និងបង្កើតជាគេហទំព័រធម្មតាមួយ ជាមួយនឹងកូដ HTML និង CSS (ពេលខ្លះក៏មាន Javascript) ដែលគេហៅថាជា “គេហទំព័រ Static”។
- ស្ថាបនិកគេហទំព័រ (Web Developer), មានតួនាទីក្នុងការយកគេហទំព័រដែលបានបង្កើតដោយ អ្នករចនាគេហទំព័រ ដើម្បីមកធ្វើជាគេហទំព័រដែលមានភាពបត់បែន និងជាប្រភេទ”គេហទំព័រ Dynamic” ។
២. HTML (HyperText Markup Language)
កូដ HTML មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគេហទំព័រ ព្រោះកូដមួយប្រភេទនេះប្រៀបបានទៅនឹងផ្ទះ ដែលយើងទើបតែសាងសង់រួច តែមិនទាន់បានលាបពណ៌ និងតុបតែងរួច។ ចំណែកឯន័យមួយទៀតគឺ ការសិក្សា HTML ប្រៀបបានទៅនឹងការរៀនរៀបចំប្លង់ផ្ទះ ព្រោះយើងចាំបាច់ត្រូវចេះរៀបចំផ្នែកៗនៃទំព័ររបស់យើង។ ដូចគ្នានេះដែរ ពេលដែលយើងសរសេរត្រឹមតែកូដ HTML សុទ្ធនោះ យើងនឹងទទួលបានតែអក្សរដែលយើងសរសេរប៉ុណ្ណោះ ដោយពុំមានការតុបតែងរូប ពណ៌ និងរូបផ្ទៃក្រោយណាមួយឡើយ។បច្ចុប្បន្ននេះ HTML បានផ្សាយចេញកំណែទី ៥ របស់ខ្លួន ដែលមានសមត្ថភាពខ្ពស់ជាងកំណែចាស់ៗទៅទៀត។ ប្រសិនបើយើងច្បាស់ក្នុងការសរសេរកូដ HTML នោះការបង្កើតគេហទំព័ររបស់យើងពិតជាភាពល្អខ្លាំងណាស់។ សមត្ថភាពពិសេសមួយទៀតនៃ HTML5 គឺយើងអាចយកវាទៅសរសេរជាកម្មវិធីវែប ដោយបូកផ្សំជាមួយនឹងកូដផ្សេងៗទៀត។
៣. CSS (Cascading Style Sheets)
តាមការបកស្រាយនៅក្នុងផ្នែក HTML ខ្ញុំបានសរសេរថា HTML ប្រៀបបានទៅនឹងផ្ទះដែលសង់រួច តែពុំទាន់មានការលាបពណ៌ និងការតុបតែងផ្សេងៗ។ ដូច្នេះហើយដើម្បីឲ្យមានការតុបតែង យើងត្រូវប្រើកូដម្យ៉ាងទៀតដែលមានឈ្មោះថា CSS ។ CSS ក៏មានតួនាទីសំខាន់ណាស់ដែរក្នុងការបង្កើតគេហទំព័រ គឺយើងស្ទើរតែមិនអាចចោលវាបាន។ CSS នេះអាចធ្វើការរៀបចំទំហំផ្នែកនិមួយៗនៃគេហទំព័រ, អាចចាក់ពណ៌ទៅក្នុងផ្នែកណាមួយ, កំណត់គម្លាត, ទំហំ, ដាក់រូបភាព និងផ្សេងៗទៀត។បច្ចុប្បន្ននេះដែរ CSS ក៏បានផ្សាយចេញកំណែថ្មីរបស់ខ្លួនផងដែរ គឺកំណែទី 3 ដែលមានសមត្ថភាពកាន់តែអស្ចារ្យក្នុងការរចនាគេហទំព័រ ដូចជាការធ្វើឲ្យរូបមួយមានចលនា, ការរចនាផ្នែកមួយចំនួននៃគេហទំព័រ ដោយពុំចាំបាច់ត្រូវការរូបមកជាជំនួយដូចមុនទេ។
៤. រចនារូបរាងគេហទំព័រ
ម្យ៉ាងវិញទៀត អ្នកក៏ត្រូវមានជំនាញខ្លះៗផងដែរ ក្នុងការរចនារូបរាងគេហទំព័រ។ អ្នកចាំបាច់ត្រូវចេះប្រើកម្មវិធីរចនារូបមួយចំនួន មានដូចជា៖ Gimp ឬ Photoshop ឬ Inkscape ។ល។ ព្រោះការរចនាទាំងនេះ នាំឲ្យអ្នកអាចបង្កើតគេហទំព័របានងាយស្រួល ដោយសារអ្នកបានបង្កើតនូវរូបរាងសម្រាប់មើលរួចទៅហើយ។៥. JavaScript
បន្ទាប់ពីការសិក្សាចេះនូវកូដទាំងពីរប្រភេទខាងលើហើយ ចំណុចបន្ទាប់ដែលយើងត្រូវសិក្សាគឺ JavaScript ។ JavaScript ជាកូដមួយបែបដែលមានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការរៀបចំគេហទំព័រ យើងឲ្យមានភាពល្អបន្ថែមទៀត ដូចជាធ្វើចលនាលើផ្នែកណាមួយ, ការធ្វើឈុតរូបភាព (slideshow), ហើយម្យ៉ាងទៀតយើងក៏អាចប្រើ JavaScript ដើម្បីសរសេរកម្មវិធីវែបដែរ គឺយើងអាចប្រើវាបូកផ្សំជាមួយនឹង HTML 5។JavaScript មានលក្ខណៈស្មុគស្មាញជាង HTML និង CSS ។ ព្រោះ JavaScript មានបែបផែននៃការសរសេរកូដដូចទៅនឹងកូដកម្មវិធីកុំព្យូទ័រផងដែរ គ្រាន់តែគេប្រើ JavaScript សម្រាប់វែប។
៦. PHP, MySQL, Apache …
នេះគឺជាចំណុចកម្រិតខ្ពស់ ហើយក៏ជាកម្រិតសម្រាប់អ្នកដែលចង់ក្លាយទៅជាស្ថាបនិកគេហទំព័រ។ ព្រោះ PHP និង MySQL គឺជាមុខវិជ្ជាសម្រាប់បង្កើត គេហទំព័រ Dynamic។ សូមអានអត្ថបទលម្អិត នៅទីនេះ។៧. phpMyAdmin
phpMyAdmin គឺជាកម្មវិធីវែបមួយដែលមានតួនាទីក្នុងការគ្រប់គ្រង មូលដ្ឋានទិន្នន័យ (database) នៃគេហទំព័រនិមួយៗ។ ហើយកម្មវិធីមួយនេះ ត្រូវបានទទួលការពេញនិយមយ៉ាងខ្លាំង ព្រោះវាមានភាពទូលំទូលាយ, អាចប្រើបានមិនគិតប្រាក់ …៨. ការប្រើប្រាស់ CMS
នៅពេលដែលអ្នកចេះចំណុចទាំងប៉ុន្មានខាងលើហើយ ពេលនោះអ្នកនឹងអាចធ្វើការជាមួយ CMS ។ CMS គឺជាកម្មវិធីវែបមួយ ដែលត្រូវបានគេបង្កើតមកស្រាប់ៗ ដោយយើងគ្រាន់តែយកវាទៅប្រើប្រាស់ និងកែច្នៃបន្តិចបន្តួច យើងនឹងអាចបង្កើតគេហទំព័រជាមួយវាបានហើយ។ ហើយយើងក៏មិនចាំបាច់ត្រូវសរសេរកូដតាំងពីទំព័រទី១ មកដែរ។ សូមអានទីនេះ សម្រាប់ព័ត៌មានលម្អិត។ចំណុចផ្សេងៗទៀត
ក្រៅអំពីចំណុចទាំងឡាយនៅផ្នែកខាងលើ ខ្ញុំចង់ប្រាប់អំពីគន្លឹះមួយចំនួនទៀត ដើម្បីឲ្យគេហទំព័រដែលយើងបង្កើត ដើរបានលឿន និងមិនមានភាពរញ៉េរញ៉ៃ។- មើលគំរូគេហទំព័រនានា ដែលមានភាពល្បីល្បាញ ឬក៏ មើលគំរូសំបកគេហទំព័រដែលគេដាក់ឲ្យទាញយកទៅមើលដោយសេរី
- ការរៀបចំចំនួនរូបភាព ដែលត្រូវប្រើប្រាស់ក្នុងការបង្កើតគេហទំព័រ និងប្រភេទរូបភាពដែលត្រូវប្រើប្រាស់ (និយាយត្រឹមតែសំបកគេហទំព័រប៉ុណ្ណោះ)
- ការរៀបចំប្លង់ទំព័រឲ្យមានភាពត្រឹមត្រូវ មិនស្មុគស្មាញ និងទូលាយងាយស្រួលមើល
តើអ្នកសម្រេចចិត្តហើយឬនៅ?
តើអ្នកទាំងអស់គ្នាបានសម្រេចចិត្តហើយឬនៅថា នឹងជ្រើសរើសយកផ្នែកណាមួយ? ជាអ្នករចនាគេហទំព័រ ឬក៏ជា ស្ថាបនិកគេហទំព័រ?ជាចុងក្រោយ ខ្ញុំសូមជូនពរដល់អ្នកដែលចង់សិក្សា និងកំពុងចាប់ផ្ដើមសិក្សាការបង្កើតគេហទំព័រនេះ ឲ្យមានភាពជោគជ័យក្នុងការសិក្សាលើផ្នែកនេះ។ ប្រសិនបើអ្នកមាន ចម្ងល់បន្ថែមទៀត សូមដាក់មតិនៅខាងក្រោមអត្ថបទនេះ ខ្ញុំនឹងព្យាយាមឆ្លើយតាមតែសមត្ថភាពដែលខ្ញុំមាន។ ម្យ៉ាងទៀតបើអ្នកមានចំណាប់អារម្មណ៍លើអត្ថបទនេះ សូមអ្នកដាក់មតិនៅក្រោមអត្ថបទនេះក៏បានដែរ។
ប្រភពៈ http://it4ug.net/
0 comments:
Post a Comment