ព្រះ បរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធភិក្ខុទេវទត្ត ដែលមានការខ្វល់ខ្វាយ រកឧបាយវិធីសព្វគ្រប់ ដើម្បីធ្វើឃាតព្រះអង្គ ។ ព្រះអង្គទ្រង់ត្រាស់ព្រះធម៌ទេសនានេះថា យស្សេតេ ចតុរោ ធម្មា ដូច្នេះជាដើម ។
រឿងរ៉ាវក្នុងបច្ចុប្បន្ន
ក្នុងសម័យនោះ
ព្រះសាស្តាទ្រង់បានស្តាប់ដំណឹងថា
ភិក្ខុទេវទត្តកំពុងប្រឹងប្រែងក្នុងការធ្វើឃាតព្រះអង្គ
ទើបទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនមែនទើបតែក្នុងពេលនេះទេ
ដែលទេវទត្តខំប្រឹងប្រែង ដើម្បីសម្លាប់តថាគតនោះ
ក្នុងកាលមុនក៏ខិតខំដូចគ្នាដែរ
ប៉ុន្តែមិនអាចធ្វើសូម្បីតែសេចក្តីតក់ស្លុតឲ្យដល់តថាគតបានឡើយ” ។
រួចហើយព្រះអង្គក៏នាំយករឿងក្នុងអតីតមកសាធក ( សម្តែងប្រាប់ )
ដូចតទៅនេះ ៖
អតីតនិទាន
ក្នុងអតីតកាល
គ្រាដែលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសី
ព្រះពោធិសត្វសោយព្រះជាតិជាពានរ ។ កាលដែលមានវ័យចម្រើនហើយ
ក៏មានរាងកាយធំប៉ុនកូនសេះ សម្បូណ៌ទៅដោយកម្លាំង
ត្រាច់ទៅតាមមាត់ទន្លេតែឯកឯង ។ នៅកណ្តាលទន្លេឯណោះ មានកោះមួយ
ដែលសម្បូណ៌ទៅដោយដើមឈើមានផ្លែផ្សេងៗ មានស្វាយ និងខ្នុរជាដើម ។
ព្រះពោធិសត្វមានកម្លាំងដូចដំរីសារ លោតអំពីត្រើយខាងនេះហើយ
ទៅឈប់នៅនឹងថ្ម ១ ដុំធំ ដែលលេចចេញពីទឹក
នៅត្រង់រវាងត្រើយហើយនឹងកោះ រួចហើយលោតពីផែនថ្មនោះ ទៅដល់កោះ
បរិភោគផ្លែឈើលើកោះនោះ យ៉ាងសប្បាយ ។ ដល់ពេលល្ងាច
ក៏លោតត្រឡប់មកកាន់លំនៅរបស់ខ្លួនវិញ ដោយឧបាយនោះឯង ។ ដល់ពេលស្អែកឡើង
ក៏ទៅដូច្នោះទៀត ស្នាក់នៅទីនោះ ដោយនិយាម ( ទំនៀមទម្លាប់ ) នេះឯង
។ក្នុងគ្រាកាលនោះ មានក្រពើឈ្មោល ១ ព្រមដោយក្រពើញីមួយទៀតជាប្រពន្ធរបស់ក្រពើឈ្មោលនោះ ដែលអាស្រ័យនៅនឹងដងទន្លេនោះឯង ។ ក្រពើជាប្រពន្ធ ឃើញព្រះពោធិសត្វលោតទៅ លោតមក ក៏កើតការចាញ់គភ៌ ត្រូវការបរិភោគសាច់បេះដូងរបស់ព្រះពោធិសត្វ ទើបនិយាយនឹងក្រពើជាប្តី៖
មេ ៖ សូមជម្រាបលោកប្តី នាងខ្ញុំកើតការចាញ់គភ៌ ត្រូវការបរិភោគសាច់បេះដូងរបស់វានរិន្ទនេះ ។
ឈ្មោល ៖ បាន ប្រពន្ធសម្លាញ់ នាងប្រាកដជាបាន ថ្ងៃនេះ បងនឹងចាំចាប់វា នៅពេលល្ងាច ដែលវាត្រឡប់មកអំពីកោះវិញ ។
ដល់ពេលសមរម្យហើយ ក្រពើជាប្តីក៏បានទៅដេកចាំលើផែនថ្ម ។
ព្រះពោធិសត្វ ទៅនៅនឹងកោះអស់ ១ ថ្ងៃវាស់ល្ងាច ដល់ពេលត្រូវត្រឡប់មកវិញ ក៏ឈប់នៅនឹងជាយកោះ សម្លឹងមើលផែនថ្ម ហើយបានគិតថា ឥឡូវនេះ ផែនថ្មីមានកម្ពស់ខ្ពស់ជាងមុន តើព្រោះហេតុអ្វីហ្ន៎ ។
ព្រះពោធិសត្វ បានកំណត់កម្ពស់ទឹក និងកម្ពស់ថ្មបានយ៉ាងល្អត្រឹមត្រូវ ព្រោះហេតុនោះ ទើបមានសេចក្តីត្រិះរិះថា ថ្ងៃនេះ ទឹកមិនស្រកចុះ ហើយក៏មិនមានឡើងដែរ កាលបើដូច្នេះ ម៉េចបានជាថ្មខ្ពស់ឡើង ក្រែងក្រពើវាដេកចាំចាប់យើងលើផែនថ្មនោះទេដឹង ។
ព្រះពោធិសត្វ គិតថា យើងនឹងបញ្ជាក់មើលឲ្យដឹងច្បាស់សិន រួចហើយបានស្រែកហៅទៅរកដុំថ្មថា “អឺយ ផែនថ្មីដ៏ចម្រើន” ។ មិនមានពាក្យឆ្លើយតបឡើយ ក៏បានស្រែកហៅថ្មដល់ទៅ ៣ ដង ។ តើឲ្យថ្មីឆ្លើយតបយ៉ាងដូចម្តេចទៅ? វានរិន្ទពោធិសត្វ នៅតែនិយាយទៅរកថ្មទៀតថា “ផែនថ្មដ៏ចម្រើន ថ្ងៃនេះយ៉ាងម៉េចហ្នឹង បានជាមិនឆ្លើយតបនឹងខ្ញុំ” ។
ក្រពើបានស្តាប់ហើយគិតថា ក្នុងថ្ងៃមុនៗ ផែនថ្មនេះ ពិតជាឆ្លើយតបនឹងវានរិន្ទមែនហើយ ឥឡូវនេះ យើងនឹងឆ្លើយទៅរកគេ ៖
ក្រពើ ៖ មានការអ្វី វានរិន្ទដ៏ចម្រើន?
វានរិន្ទ ៖ អ្នកឯងជាអ្នកណា?
ក្រពើ ៖ យើងជាក្រពើ ។
វានរិន្ទ ៖ អ្នកឯងមកដេកទីនេះ ដើម្បីត្រូវការអ្វី?
ក្រពើ ៖ ដើម្បីត្រូវការសាច់បេះដូងរបស់អ្នក ។
ព្រះពោធិសត្វគិតថា យើងមិនមានផ្លូវដទៃទៅឡើយ ដូច្នេះ ពេលនេះយើងត្រូវប្រើឧបាយជាមួយនឹងក្រពើនេះ ។ គ្រាដែលគិតរួចហើយ ទើបនិយាយទៅកាន់ក្រពើថា “នែ ក្រពើសម្លាញ់ យើងនឹងលះបង់រាងកាយឲ្យដល់អ្នក ចូរអ្នកហាមាត់រង់ចាំទទួលយើងចុះ” ។ ជាធម្មតានៃសត្វក្រពើ នៅពេលហាមាត់ ភ្នែកទាំង ២ របស់វារមែងបិទ ដោយក្រពើនោះ មិនបានកំណត់ហេតុនេះ ក៏ហាមាត់រង់ចាំ ។ ព្រះពោធិសត្វដឹងនូវសភាពនោះហើយ ក៏លោតអំពីកោះមកជាន់លើក្បាលក្រពើ ហើយលោតពីក្បាលក្រពើមករកត្រើយ លឿនដូចផ្លេកបន្ទោរ ។
ក្រពើឃើញហេតុអស្ចារ្យនោះ ក៏គិតថា វានរិន្ទនេះ ធ្វើការគួរឲ្យអស្ចារ្យណាស់ ។ ភ្លាមនោះ ក្រពើបានពោលថា
យស្សេតេ ចតុរោ ធម្មា វានរិន្ទ យថា តវ
សច្ចំ ធម្មោ ធិតិ ចាគោ ទិដ្ឋំ សោ អតិវត្តតិ ។
បពិត្រ វានរិន្ទ បុគ្គលណា មានធម៌ ៤ ប្រការដូចអ្នក គឺ សច្ចៈ សេចក្តីទៀងទាត់ ១ ធម្មគឺប្រាជ្ញាជាគ្រឿងពិចារណា ១ ធិតិ គឺការព្យាយាមមិនដាច់ ១ ចាគៈ ការបរិច្ចាគ ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន ។
( វានរិន្ទជាតក បិដកលេខ ៥៨
ទំព័រ ២៥ )
អធិប្បាយ
បណ្តាបទទាំងនោះ បទថា
យស្ស បានដល់ បុគ្គលណាមួយ ។បទថា ឯតេ ដោយសេចក្តីថា រមែងប្រាកដដោយប្រចក្សក្នុងធម៌ ដែលយើងនឹងពោលក្នុងពេលនេះ ។
បទថា ចតុរោ ធម្មា បានដល់ គុណធម៌ ៤ ប្រការ ។
បទថា សច្ចំ បានដល់ វចីសច្ចៈ គឺដែលអ្នកប្រាប់ថា នឹងមកកាន់សម្នាក់របស់យើង អ្នកក៏មិនបានពោលកុហក អ្នកមកពិតៗ នេះជាវចីសច្ចៈរបស់អ្នក ។
បទថា ធម្មោ បានដល់ វិចារណបញ្ញា ពោលគឺ ការចេះពិចារណាថា កាលបើធ្វើយ៉ាងនេះហើយ នឹងត្រូវបានផលយ៉ាងនេះ ចំណុចនេះ ជាវិចារណបញ្ញារបស់អ្នក ។
សេចក្តីព្យាយាមមិនដាក់ធុរៈ ប្រឹងប្រែងមិនដាច់ លោកហៅថា ធិតិ សូម្បីគុណធម៌នេះ ក៏មានដល់អ្នក ។
បទថា ចាគោ បានដល់ ការលះបង់ខ្លួន គឺការដែលអ្នកលះបង់ជីវិត មកដល់សម្នាក់យើង តែយើងមិនអាចចាប់អ្នកបាន នេះជាទោសរបស់យើងតែម្ខាង ។
បទថា ទិដ្ឋំ បានដល់ បច្ចាមិត្ត ។
បទថា សោ អតិវត្តតិ ដោយសេចក្តីថា ធម៌ ៤ ប្រការ ដូចពណ៌នាមកនេះ មានដល់បុគ្គលណា ដូចជាមានដល់អ្នក បុគ្គលនោះ រមែងឈានកន្លង គឺគ្របសង្កត់បាននូវបច្ចាមិត្តរបស់ខ្លួន ដូចជាអ្នកដែលបានកន្លងផុតយើងទៅ នៅក្នុងថ្ងៃនេះឯង ។
ក្រពើសរសើរព្រះពោធិសត្វយ៉ាងនេះហើយ ក៏ទៅកាន់លំនៅរបស់ខ្លួន ។
ប្រជុំជាតក
ព្រះបរមសាស្តា បានត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ទេវទត្តមិនមែនទើបតែប្រឹងប្រែងដើម្បីសម្លាប់យើង
ក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន
ក៏ខំប្រឹងប្រែងដូចគ្នាដែរ ។
ព្រះអង្គទ្រង់បាននាំព្រះធម៌ទេសនានេះមកហើយ
ព្រះអង្គត្រាស់បន្តអនុសន្ធិ ប្រជុំជាតកថា ក្រពើក្នុងកាលនោះ
បានមកជាភិក្ខុទេវទត្តក្នុងកាលនេះ ក្រពើជាប្រពន្ធ បានមកជានាងចិញ្ចា
ចំណែកវានរិន្ទ បានមកជាតថាគត យ៉ាងនេះឯង ៕
(ស្រង់ចាក http://aphirati.blogspot.com)
0 comments:
Post a Comment