ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះសក្កទេវរាជ
សព្វទានំ ធម្មទានំ ជិនាតិ សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតិំ ធម្មរតិ ជិនាតិ តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។
អធិប្បាយ
ពាក្យថា សព្វទានំ សេចក្តីថា ក៏បើបុគ្គលគប្បីថ្វាយត្រៃចីវរស្មើដោយបណ្តូលចេក ចំពោះព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រពទាំងឡាយ ដែលអង្គុយជាប់ៗ គ្នាក្នុងបន្ទប់ចក្រវាល រហូតដល់ព្រហ្មលោក, ការអនុមោទនា ដែលព្រះពុទ្ធអង្គជាដើម ទ្រង់ធ្វើហើយដោយព្រះគាថា ៤ បាទ ក្នុងសមាគមនោះប្រសើរជាង ទាននោះ មិនមានតម្លៃដល់នូវចំណិតទី ១៦ នៃព្រះគាថានោះ ការសម្តែងក្តី ការទូន្មានក្តី ការស្តាប់នូវធម៌ក្តី ជាគុណដ៏ធំ ដោយប្រការដូច្នេះ ។ មួយទៀត បុគ្គលបបួលអ្នកដទៃឲ្យស្តាប់ធម៌ អានិសង្សដ៏ច្រើនលើសលុប រមែងមានដល់បុគ្គលនោះ ។ ធម្មទាននុ៎ះឯង ដែលព្រះពុទ្ធជាដើមធ្វើឲ្យប្រព្រឹត្តទៅហើយ ដោយអំណាចការអនុមោទនាដោយព្រះគាថា ៤ បាទ ប្រសើរជាងទានដែលទាយក ដាក់បាត្រឲ្យពេញដោយបិណ្ឌបាត ដ៏ប្រណីត ហើយប្រគេនដល់បរិស័ទបែបនោះ ជាងភេសជ្ជទាន ដែលទាយកដាក់បាត្រឲ្យពេញដោយទឹកដោះថ្លា និងប្រេងជាដើម ហើយប្រគេនដល់បរិស័ទមានសភាពបែបនោះ ជាងសេនាសនទាន ដែលទាយកកសាងវិហារ ដូចមហាវិហារ ប្រាសាទ ដូចលោហប្រាសាទ រាប់សែន ហើយវេរប្រគេន ជាងការបរិច្ចាគដែលអនាថបិណ្ឌិកសេដ្ឋីជាដើម ប្រារព្ធនូវវិហារទាំងឡាយ ហើយធ្វើ ។ ព្រោះហេតុអ្វី? ព្រោះថាជនទាំងឡាយ កាលនឹងធ្វើបុណ្យបែបនោះ ការស្តាប់ធម៌ហើយប៉ុណ្ណោះ ទើបអាចធ្វើកើត កាលមិនបានស្តាប់ទេ ក៏មិនអាចធ្វើទៅកើតដែរ ប្រសិនបើសត្វទាំងនោះ មិនបានស្តាប់ធម៌សោត គេក៏មិនគប្បីប្រគេនបបរមួយបោយ បាយមួយវែកបានឡើយ ព្រោះហេតុនោះ ធម្មទាននុ៎ះឯង ទើបប្រសើរជាងទានគ្រប់ប្រភេទទាំងអស់ ។
ម្យ៉ាងទៀត វៀរព្រះពុទ្ធនិងព្រះបច្ចេកពុទ្ធចេញ សូម្បីសាវ័កទាំងឡាយ មានព្រះសារីបុត្រជាដើម អ្នកប្រកបដោយបញ្ញា ដែលអាចរាប់តំណក់ទឹកបាន ក្នុងកាលភ្លៀងធ្លាក់រហូតដល់អស់កប្ប ទាំងមូល ក៏មិនអាចនឹងសម្រេចសោតាបត្តិផលជាដើម ដោយធម្មតារបស់ខ្លួនបាន, លុះតែបានស្តាប់ធម៌ដែលព្រះអស្សជិត្ថេរជាដើម សម្តែងហើយ ទើបធ្វើឲ្យសម្រេចនូវសោតាបត្តិផល និងធ្វើឲ្យជាក់ច្បាស់នូវសាវកបារមីញាណ ដោយព្រះធម៌ទេសនារបស់ព្រះសាស្តា ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ថា “សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់អាមិសទានទាំងពួង” ។
រសដ៏ឧត្តមដែលកើតអំពីដើមឈើគ្រប់ប្រភេទ រសនៃសុធាភោជន៍របស់ទេវតាទាំងឡាយ រមែងជាបច្ច័យធ្វើឲ្យសត្វធ្លាក់ទៅក្នុងសង្សារវដ្ត ហើយរងទុក្ខច្រើនប្រការ ។ ចំណែកធម្មរស ពោលគឺ ពោធិបក្ខិយធម៌ ៣៧ ប្រការ ពោលគឺ លោកុត្តរធម៌ ៩ ប្រការនេះឯង ប្រសើរជាងរសទាំងពួង ។ ព្រោះហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា “សព្វរសំ ធម្មរសោ ជិនាតិ ធម្មរសឈ្នះអស់រសទាំងពួង” ។
សេចក្តីត្រេកអរទាំងពួង មានសេចក្តីត្រេកអរក្នុងបុត្រ ធីតា ទ្រព្យ ស្រី និងសេចក្តីត្រេកអរគ្រប់ប្រភេទ មានសេចក្តីត្រេកអរក្នុងការងារ រាំ ច្រៀង ដេញ ប្រគំ ជាដើម រមែងជាបច្ច័យនាំឲ្យសត្វធ្លាក់ទៅក្នុងសង្សារវដ្ត ហើយរងទុក្ខដោយពិត ចំណែកការឆ្អែតចិត្ត ដែលកើតឡើងខាងក្នុង របស់អ្នកស្តាប់ក្តី អ្នកសម្តែងនូវធម៌ក្តី រមែងធ្វើឲ្យកើតសេចក្តីរីករាយនៃចិត្ត ឲ្យទឹកភ្នែកហូរ ឲ្យព្រឺរោម សេចក្តីឆ្អែតចិត្តនោះ រមែងធ្វើទីបំផុតនៃសង្សារវដ្ត មានព្រះអរហត្តជាបរិយោសាន, សេចក្តីត្រេកអរក្នុងធម៌បែបនេះឯង ប្រសើរជាងសេចក្តីត្រេកអរទាំងពួង ។ ព្រោះហេតុនោះ ព្រះបរមសាស្តា ទើបត្រាស់ថា “សព្វរតឹ ធម្មរតិ ជិនាតិ សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង” ។
ចំណែកការអស់ទៅនៃតណ្ហា គឺព្រះអរហត្តដែលកើតឡើងក្នុងទីបំផុត នៃការអស់ទៅនៃតណ្ហា, ព្រះអរហត្តនោះប្រសើរជាងវត្ថុគ្រប់យ៉ាងទាំងអស់ ព្រោះអាចគ្របសង្កត់វដ្តទុក្ខទាំងពួង ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបត្រាស់ថា “តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ការអស់ទៅនៃតណ្ហា ឈ្នះអស់កងទុក្ខទាំងពួង” ។
ស្រង់ចាកៈ http://aphirati.wordpress.com
0 comments:
Post a Comment