២- ព្រះនាមពេញ ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
៣- ប្រសូត ៖ ព.ស.២៤៧៦/គ.ស.១៩៣២
៤- ទីប្រសូត្រ ៖ នៅភូមិត្រពាំងឈូក ស្ថិតក្នុងឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប

៥- ការសិក្សា និង ការសាងផ្នួស ៖
ការសិក្សា
ព្រះជន្មបាន១០ឆ្នាំ នៅឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៨៥ គ.ស.១៩៤១ ត្រូវមាតាបិតាបញ្ជូនឲ្យទៅសិក្សាអក្សរសាស្ត្រ និងគណិតសាស្ត្រនៅវត្តរាជបូព៌ ក្រោមការគ្រប់គ្រងរបស់ព្រះគ្រូសមុហ៍ ហ៊ីង ម៉ៅ ចៅអធិការវត្តរាជបូព៌។
ការសាងព្រះផ្នួស
ពេលព្រះជន្មាយុ១៦វស្សា ក្នុងឆ្នាំកុរ នព្វស័ក ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ និងជាព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប។
ការបួសជាសាមណេរនេះបានត្រឹមតែ៩ខែទេ សូមលាចាកសិក្ខាបទ មករកស៊ីចិញ្ចឹមព្រះមាតាវិញ។
នៅឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ នៅពេលដែលមានព្រះជន្ម២១វស្សា សម្ដេចបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះ សមុហ៍គណ ហ៊ីង ម៉ៅ នាម្បញ្ញត្តិពុទ្ធសរ ក្នុងព័ទ្ធសីមាវត្តរាជបូព៌ ដោយមានព្រះគ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធត្ថេរ ជាកម្មវាចា និងលោកគ្រូសូត្រឆ្វេង ថាត់ បិត ឥន្ទជាតិ ជាអនុសុវណ្ណាចារ្យ និងឧបសម្បទាកម្មជាតិភិក្ខុភាវៈ ខេត្តសៀមរាប។
ព្រះជន្មបាន២៥វស្សា នៅឆ្នាំវក ព.ស.២៥០០ គ.ស.១៩៥៦ ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ បានតែងតាំងភិក្ខុ ទេព វង្ស ឲ្យធ្វើជាគ្រូសូត្រជំនួយការ។
ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ នៅក្នុងសម័យខ្មែរក្រហម សម្ដេចត្រូវបានគេបង្ខំឲ្យសឹក និងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរដូច ប្រជាជនស្លូតត្រង់ខ្មែរដទៃទៀតដែរ។
ព្រះជន្មាយុបាន៤៨វស្សា នៅពេលប្រជាជនខ្មែរ បានរួចផុតពីរបបខ្មែរក្រហម ព្រះអង្គបាននិមន្តបួសឡើងវិញ នៅថ្ងៃ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ សម្ដេចបានបំពេញឧបសម្បទាឡើងវិញជាលើកទីពីរ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ឋិត សីលោ ក្នុងពុទ្ធសីមា វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ ពេលបួសរួច ព្រះឧបជ្ឈាយ៍បាន ប្រកាសនៅក្នុងជំនុំសង្ឃថា ភិក្ខុ ទេព វង្ស ឲ្យឡើងឋានុក្រម មានឋានន្តរស័ក្ដិជាព្រះគ្រូវិន័យធរ។
ព្រះអច្ឆរិយ
• ព្រះអង្គទ្រង់បានសិក្សាអក្សរសាស្ត្រ និងគណិតវិទ្យា
• ព្រះអង្គបានបញ្ចប់ការសិក្សាធម្មវិន័យទាំងបីកម្រិត គឺថ្នាក់ត្រីទោឯក
• ព្រះអង្គចេះសូធ្យវិន័យបាដិមោក្ខយ៉ាងស្ទាត់ជំនាញ
• ព្រះអង្គមានជំនាញខាងបង្ហាត់វិបស្សនាធុរៈ និងសមថកម្មដ្ឋាន
៦- តួនាទី និង ព្រះសមណស័ក្ដិ
• នៅឆ្នាំ១៩៥៧ ព្រះអង្គត្រូវបានតែងតាំងជាគ្រូសូត្រឆ្វេងនៅវត្តរាជបូព៌ ខេត្តសៀមរាប
• នៅឆ្នាំ១៩៧៩ បន្ទាប់ពីព្រះអង្គឧបសម្បទាជាថ្មី សម្ដេចត្រូវបានតែងតាំងជាព្រះប្រធានសង្ឃកម្ពុជា ធ្វើជាព្រះឧបជ្ឈាយ៍ និងជាព្រះវិន័យធរ ក្នុងរដ្ឋកម្ពុជា
• នៅពេលទ្រង់មានព្រះជន្មបាន៦០វស្សា នៅថ្ងៃសុក្រ ២កើត ខែកក្ដិក ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១ សម្ដេចត្រូវបានថ្វាយងារជា ព្រះមហាសុមេធាធិបតី និងជាសង្ឃនាយក ដោយសម្ដេច ជា ស៊ីម ប្រធានក្រុមប្រឹក្សារដ្ឋកម្ពុជា
• នៅក្នុងព្រះជន្មាយុ៦០វស្សានេះដដែល នៅថ្ងៃសុក្រ ៩កើត ខែកត្ដិក ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះមហាសុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា ដោយព្រះរាជក្រឹត្យព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ និងជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
• នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ សម្ដេចត្រូវបានតែងតាំងជា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងបានទទួលព្រះរាជានុញ្ញាតពីសំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ឲ្យប្រើរាជស័ព្ទ និងផ្លិតយសពិសេស
៧- ជិវិតគ្រួសារ ៖ បិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់៕
ប្រភពពីៈ www.sopheak.net
Ngài có những Giáo phẩm cực hay của Vương quốc Campuchia, đó là những gì danh giá nhất.
ReplyDeleteĐược comment từ Link dẫn https://keomoi.com/ đến 4buddhism2